ភូមិមួយនៅចិន សង្ងំកើបលុយរាប់លានដុល្លារាល់ឆ្នាំ ពីមុខរបរចិញ្ចឹមពស់ ខណៈនៅខ្មែរយើងមិនទាន់មាននៅទ្បើយ




លោក Fang Yin និងភរិយារបស់គាត់អ្នកស្រី Yang Xiaoxia ដែលរស់នៅភូមិ Zisiqiao ក្នុងខេត្តZhejiang នៃប្រទេសចិន និងអ្នកភូមិផ្សេងទៀត បានប្រកបរបរនេះអស់ជាច្រើនឆ្នាំមកហើយ និងអាចរកចំណូលសរុបទាំងអស់បានប្រហែល ១២ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សហគ្រិនវ័យ ៣០ឆ្នាំ​ រូបនេះ មានប្រសាសន៍ថា ការចាប់ផ្ដើមចិញ្ចឹមដំបូងនោះ លោកមានការខ្លាចរអាណាស់ដែរ​ព្រោះខ្លាចពស់ពិសនេះចឹកស្លាប់។ ប៉ុន្តែក្រោយពីបានចិញ្ចឹមមួយរយៈពេលនិងដឹងពីបច្ចេកទេសនៃការចិញ្ចឹមពស់នេះមក លោកគិតថា វាជារឿងធម្មតាទៅហើយ រហូតដល់អ្នកភូមិនិយាយតៗគ្នា ភូមិនេះគឺជា«ភូមិពស់»។

លើសពីនេះទៅទៀត លោក Fang Yin និង​ អ្នកភូមិផ្សេងទៀត បានរៀបរាប់ថា ភូមិរបស់ពួកគេបានលក់ពស់នេះ ជាង ៣ លាន​ក្បាលក្នុងមួយឆ្នាំទៅឱ្យក្រុមហ៊ុនឱសថបុរាណចិនដែលត្រូវការទិញប្រមាត់និងស្បែកពីពពួកសត្វល្មូន។ លោកបន្តថា តម្រូវការដែលឱសថស្ថាន ទិញពស់វែកទាំងអស់នេះគឺដើម្បីយកទៅធ្វើជាអាហារបំប៉នដែលល្អបំផុតនិងលក់ដាច់ច្រើនបំផុតទៅប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា​ ពស់វែកត្រូវបានប្រជាជនចិនចាត់ទុកថា ជាឱសថដ៏អស្ចារ្យរាប់ពាន់ឆ្នាំមកហើយក្នុងប្រទេសចិន។ មនុស្សនៅនោះភាគច្រើន បានលេបថ្នាំដែលធ្វើចេញពីការផ្សំរូបមន្តផ្សេងៗលាយចូលគ្នា និងផឹកស្រាដែលត្រាំពស់នេះផងដែរ។ ដោយពួកគេជឿជាក់ថា អាចព្យាបាលជំងឺ ឆ្អឹងខ្នង និងកាត់បន្ថយការខូចខាតថ្លើម។ សូមបញ្ជាក់ថា​ ពិសពស់មួយក្រាម មានតម្លែ ៣,០០០-៥,០០០ យ័ន (ប្រហែល ៤៥០$-៧៥០$) ហើយជាពិសេសនោះ សាច់ពស់ត្រូវបានភោជនីយដ្ឋានជាច្រើនត្រូវការមិនចេះគ្រប់សម្រាប់យកទៅធ្វើជាម្ហូបដ៏ឆ្ងាញ់ពិសារទៀតផង៕